Wednesday, September 1, 2010

ពាក្យ​អញ្ញត្រ​ស័ព្ទ (Les mots exceptionnels)

គឺជា​ពាក្យ​មាន​លក្ខណៈ​ពិសេស ខុស​ប្លែក​ពី​ពាក្យ​ឯ​ទៀតៗ​ដោយ​ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរ​សំឡេង។
ឧទាហរណ៍

* ​ អ្នក= អាន​ថា =“នាក់” សរសេរ​ជា អ + ្ន + ក=អនក=អ្នក=នាក់ ។
* ​ អញ=អានថា =“អាញ់” សរសេរ​ជា =អញ ។
* ​ (ខាង)លិច(ទិស) អានថា=​“ឡិច” សរសេរ​ជា =លិច ទិស​ដែលព្រះ​អាទិត្យ​លិច ។
* ​ មាតា=អាន​ថា =“មាដា” សរសេរ​ជា =មាតា= ត> ដ; បាលី​មាតា(មា+តា) អាន​ជា​សំឡេង​ខ្មែរ=​ម៉ែ ។
* ​ មណ្ឌប. ន. អានថា មាន់​ដប់ = វិមាន, រោង ។
* ​ ភ្នំ​ព្រះ​សុមេរុ = អាន​ថា “ព្រះ​សុម៉ែ” ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​លោក ។
* ​ ខេត្ត = អាន​ថា “ខែត” មក​ពី​បាលី ខេត្ត=​ស្រែ ។
* ​ វិសេស= អានថា “វិសែស” មក​ពី​បាលី វិសេស=​ ភាព​ប្លែក ។
* ​ សេពគប់= អាន​ថា “សែបគប់” ទាក់​ទង​រាប់​រក; បាលី​ក្លាយ​ខ្មែរ ។
* ​ តេមិយៈ= អាថា “ឌីម៉ែ​ ឬ ព្រះ​ឌីម៉ែ” រឿង​ទី​ ១ ​ក្នុង​ទសជាតក; ... ។
* ​ តេជោ= អានថា “ដែជោ” មក​ពី​បាលី “តេជ”= អំណាច ។
* ​ បណ្ឌិត=ហៅ​ក្លាយ​ជា “អន្ទិត” មក​ពី​ពាក្យ​បាលី=​ជន​អ្នក​មាន​ប្រាជ្ញា ។​
* ​ បេតី= អាន​ថា “ប៉ែតី”, ក្លាយ​មក​ពី​ “បីតិ” ។
* ​ ចេតិយ= អាន​ថា “ចែដី” មក​ពី​ពាក្យ​​បាលី=​ទីដែល​គេ​គោរព​បូជា ។
* ​ ចេស្តា= អានថា “ចែស្តា” មក​ពី​សំស្រ្កឹត=សង្វាត​ប្រឹង​ប្រែង ។
* ​ ចេតនា= អាន​ថា “ចែតាណា” មក​ពី​បាលី​= ផ្តួច​គិត,​ ផ្តោត​ចិត្ត ។
* ​ ព្រះ​ធរណី= អានថា “ព្រះធរនី” មក​ពី​បាលី​,សំស្រ្កឹត= ផែន​ដី[22] ។
* ​ ប្រពៃណី= អានថា “ប្រពៃនី[23]” មក​ពី​បាលី= ទំនៀម, ពូជពង្ស ។
* ​ អនុលោម= អានថា “អនុឡោម” មក​ពី​បាលី=​ បណ្តោយ​តាម, យល់​តាម ។

ខ្ញុំ​ស្រង់​ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗ​ប៉ុណ្ណេះ​ យក​បង្ហាញ​ជូន​អស់​លោក ​គ្រាន់​បាន​ជា​គំរូ​ប៉ុណ្ណោះ ។ នៅ​មាន​ពាក្យ​ប្រភេទ​នេះ​ច្រើន​ទៀត ។ សូម​អស់​លោក​ជួយ​ស្រាវ​ជ្រាវ​បន្ថែម តាម​ការ​គួរ ។
សង្កេត ៖ ក្នុង​ចំណោម​អញ្ញត្រ​ស័ព្ទ​ទាំង​អស់​នេះ យើង​សង្កេត​ ឃើញ​មាន​លក្ខណៈ​ពិសេស ៥ យ៉ាង​គឺ ៖

១-ពាក្យ​ទាំង​នេះ​ ច្រើន​តែ​ក្លាយ​មក​ពី​ពាក្យ​បាលី​ និង​សំស្ក្រឹត ។
២-យក​សំឡេង “ ដ ” មក​ជំនួស សំឡេង “ ត ” ; ឧ. បីដា ‹​ បិតា​ ។
៣-យក​ស្រៈ “ ែ ” មក​ជំនួស​ស្រៈ “ េ ” ឧ. ចែដី ‹​ ចេតិយ ។
៤-យក​ព្យញ្ជនៈ​សំឡេង “ អ៊ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ ” ; ឧ. ព្រះ​ធរនី ‹​ ព្រះ​ធរណី, ប្រពៃនី ‹​ ប្រពៃណី ។
៥-យក្យ​ព្យញ្ជនៈ​សំឡេង “ អ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ៊ ” ឧ.ទិស​ខាង​ឡិច ...។ បាតុ​ភូត​អញ្ញត្រ​ស័ព្ទ​ គឺ​ជា “សោភ័ណ​ភាសា” ដែល​ទាំង​អ្នក​អក្សរ​សាស្រ្ត​ ទាំង​មហាជន​ព្រម​ព្រៀង​គ្នា​ប្រឌិត​ឡើង សម្រាប់​សម្រួល​ការ​និយាយ​ស្តី ឲ្យ​ស្រួល​មាត់ ។ រីឯការ​សរសេរ​វិញ​ ត្រូវ​តែ​គោរព​អក្ខរាវិរុទ្ធដោយ​អនុលោម​ទៅ​តាម​ជាតិ​សព្ទ​(Etymologie) របស់​ពាក្យ ។

No comments:

Post a Comment