ក/ ចំពោះព្រះសង្ឃ និងព្រះរាជា
* ដើម្បីរាប់កំណត់ចំនួន ព្រះរាជានោះ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖ ឧ. ព្រះមហាក្សត្រា ក្សត្រី យាងចូលប្រថាប់ក្នុងរាជរោងមាន ១៧ អង្គ ។
* ដើម្បីកំណត់ចំនួនព្រះសង្ឃ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖ ឧ.ក្នុងពិធីចម្រើនព្រះបរិត្តបុណ្យទក្ខិណានុប្បទាននេះ គេនិមន្តព្រះសង្ឃ ១០ “អង្គ” ។
បញ្ជាក់ ៖ ពាក្យសង្ឃស័ព្ទនិងរាជស័ព្ទ មួយចំនួន គឺជាន់គ្នាតែមួយប្រើពាក្យដូចគ្នា ដូចករណីខាងលើជាភស្តុតាងស្រាប់ ។ ព្រះរាជាឈឺ និងព្រះសង្ឃឈឺ គេអាចហៅថា “ អាពាធ ” ដូចគ្នាបាន តែចំពោះព្រះរាជា មានពាក្យម្យ៉ាងទៀតថា “ ប្រឈួន ” ។
ខ្មែរយើងប្រើពាក្យពិសេសៗ សម្រាប់តម្រូវនឹងឋានៈមនុស្សក្នុងសង្គម ។ ដូច្នេះ ព្រះសង្ឃ និងព្រះរាជា ជាជនមានឋានៈខ្ពស់ក្នុងសង្គម ដែលគេអាចសន្មតថា ជា “ ឧត្តមភេទ” ដូច្នេះត្រូវតែមានពាក្យខ្ពង់ខ្ពស់យកមកប្រើ ឲ្យត្រូវទៅតាមឋានៈនាទី ក្នុងសង្គមដូចជម្រាបខាងលើ ។
ខ/ ចំពោះមនុស្សដែលមានឋានន្តរសក្តិខ្ពង់ខ្ពស់
ដើម្បីកំណត់ចំនួនមនុស្សមានយសសក្តិខ្ពង់ខ្ពស់វិញ គេប្រើពាក្យ “រូប” ៖
* ឧ. នៅក្នុងពិធីសម្ពោធការដ្ឋាន នៅខេត្តកំពង់ចាម មានអស់លោករដ្ឋមន្រ្តី តំណាងរាស្រ្ត ចូលរួមប្រមាណ ៣០ រូប ។
គ/ ចំពោះមនុស្សសាមញ្ញធម្មតា
ក្នុងការរាប់កំណត់ចំនួនមនុស្សសាមញ្ញធម្មតា គេភ្ជាប់ពាក្យ “នាក់” ៖
* ឧ. នៅក្នុងពិធីបុណ្យ សុំទឹកភ្លៀងនៅទីទួលអ្នកតាដើមពោធិ៍ មានមនុស្សប្រុសស្រី ក្មេងចាស់ចំនួនប្រមាណជាង៥០០ នាក់ ចូលរួម ។
ឃ/ ចំពោះសត្វទូទៅ
ក្នុងការគិតគន់គណនាចំនួនសត្វទូទៅ គេតែងប្រើពាក្យ “ក្បាល” ៖
* ឧ. គេពិឃាតគោ និងជ្រូកអស់ចំនួន ៤ ក្បាល ។
តែដោយឡែក, បើចំពោះសៀវភៅវិញ ក៏គេហៅថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ) ។
ង/ ចំពោះវត្ថុផ្សេងៗ
* ផ្ទះ គេប្រើពាក្យ “ ខ្នង ” យកមកភ្ជាប់ពីក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
* អិដ្ឋ គេប្រើពាក្យ “ ដុំ ” យកមកភ្ជាប់ពីក្រោយ ឧ. អិដ្ឋ ២០០ ដុំ ។
* ក្បឿង គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ.ក្បឿង ៥០០០ សន្លឹក ។
* សង្កសី គេប្រើពាក្យ “ សន្លឹក ” យកមកភ្ចាប់ពីក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
* ក្តារ គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្តារ ១៨០ សន្លឹក ។
* ក្រដាស គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្រដាស ១០០០ សន្លឹក ។
* គ្រឿងឈើធ្វើសំណង់ គេប្រើពាក្យ “ ផ្លាន ” យកមកភ្ជាប់ពីក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។
* រថយន្ត, កប៉ាល់,ទូក គេប្រើពាក្យ “ គ្រឿង ” យកមកភ្ជាប់ពីក្រោយ ឧ. រថយន្ត ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ឧ. ទូក ៥ គ្រឿង ។
ច/ ចំពោះរុក្ខជាតិ
ដំណាំដើមឈើធំៗ គេប្រើពាក្យ “ ដើម ” យកមកភ្ជាប់ពីក្រោយ ៖
* ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
ឆ/ ចំពោះសត្វទូទៅ
ដើម្បីរាប់កំណត់ចំនួនសត្វសម្រាប់ទឹម, គេតែងយកពាក្យ “ នឹម” មកភ្ជាប់ពីក្រោយ ។
ជ/ ចំពោះដំណាំវារ, ទ្រើងតូចតាច
ដើម្បីគណនាចំនួនដំណាំប្រភេទនេះ គេប្រើពាក្យ “គុម្ព”មក ភ្ជាប់ពីក្រោយ ។ ឧ. កសិករគំរូនៅភូមិសំរោង បានដាំដំណាំបន្លែជាច្រើន សម្រាប់លក់ និងសម្រាប់បរិភោគក្នុងគ្រួសារដូចជា ៖
* ត្រឡាច ២០ គុម្ព ។
* ស្ពៃខ្មៅ ១០០ គុម្ព ។
* ខាត់ណា ៥០ គុម្ព ។
ឈ/ ចំពោះដំណាំយកស្លឹក, ផ្លែ, ជាវល្លិ៍
ក្នុងការគណនារាប់ដំណាំប្រភេទនេះ គេប្រើពាក្យ “ជន្លង់”ពីខាងក្រោយ ៖
* ឧ. ពូឡាយ ហាក់ ដែលមានចម្ការប្រភេទដីក្រហម, គាត់ដាំម្រេច៥០០ ជន្លង់ ដីមួយងារនៅខាងក្រោយផ្ទះ, គាត់ដាំ ម្លូក្រហម ២០ ជន្លង់ ។
ញ/ ចំពោះសម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត
បើរាប់ខោមួយ អាវមួយ ឬសំពត់មួយ អាវមួយ, គេថា “ប្រដាប់” ៖
* គឺខោអាវ, សំពត់អាវ ១ ប្រដាប់ ។
* ឬខោអាវ ១ កុំប្លេ ។
* បើរាប់ ឬគណនាសំពត់ គេប្រើពាក្យ “ក្បិន” គឺ សំពត់ ១ ក្បិន ។
* បើរាប់កំណត់ទំហំល្មម កាត់ខោអាវបានគេថា“អាវ” ឧ. កំណាត់ ១ អាវ ។
* បើរាប់គណនាស្បែកជើង, គេប្រើពាក្យ “សម្រាប់” ឧ. ស្បែកជើង ១ សម្រាប់ ។
* បើរាប់គណនាសង្រែក, គេប្រើពាក្យ “សម្រាប់” ឧ. សង្រែក ១ សម្រាប់ ។
* បើរាប់គណនាចង្កឹះ, គេប្រើពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។
* បើរាប់ ឬគណនាខ្សែវិញ គេភ្ជាប់ពាក្យ “កន្ទុយ” ពីខាងក្រោយ ឧ. ខ្សែគោ ១ កន្ទុយ ។
* បើរាប់ ឬគណនាចានវិញ គេភ្ជាប់ពាក្យ “ស្រាក់ ឬឡូ” ពីខាងក្រោយ ៖ ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
ដ/ ចំពោះផ្លែឈើ
បើរាប់ ឬគណនាផ្លែឈើ, គេភ្ជាប់ពាក្យ ជាច្រើនប្រភេទដូចខាងក្រោម ៖
* បើផ្លែឈើ ៤ គេថា ផ្លែឈើ “១ ដំប” ។
* បើផ្លែឈើ ៤០ គេថា ផ្លែឈើ “១ ផ្លូន” ។
* បើផ្លែឈើ ៤០០ គេថា ផ្លែឈើ “១ ស្លឹក” ។
របៀបរាប់សំណាប ដែលដកចងជាកណ្តាប់បម្រុងយកទៅស្ទូង ក៏គេគិតជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូចផ្លែឈើដែរ ។
* បើរាប់ផ្លែស្លា គេគិតជា “ដៃ” ក្នុង ១ ដៃមាន ១០ ផ្លែ (ស្លា) ។
* បើរាប់ម្លូ គេគិតជា “ស្នើ” ក្នុង១ស្នើ មាន ១០ សន្លឹក (ម្លូ) ឬគេគិតជា “ត្របក” ក្នុង ១ ត្របកមាន ២០ សន្លឹក (ម្លូ) ។
* បើរាប់ដូង គេគិតជា “ធ្លាយ” គឺចង្កោមផ្លែដូងដែលចេញពី ទងមួយ ។
* បើរាប់ស្លា គេគិតជា “ស្មែង” គឺចង្កោមផ្លែស្លាដែលចេញពីទងមួយ ៖ ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។
* បើរាប់សម្លៀកបំពាក់ ដែលគេវេច គេហៅថា ១ ឬ ២ បង្វេច ។
* បើរាប់សម្លៀកបំពាក់ ដែលគេវេចល្មមស្ពាយបាន គេហៅថា ១ ឬ ២ សម្ពាយ ។
* បើរបស់អ្វីដែលគេយកមកឆ្វាយបានគេហៅថាខ្សែមួយ ចង្វាយ ។
* បើរបស់អ្វីដែលគេយកមកយួរបាន គេហៅថា មួយ យួរ ។
ឋ/ ការវាស់ពេលវេលាតាមបែបបុរាណ
កាលដើមឡើយ ខ្មែរយើងពុំទាន់មានវិធី ឬឧបករណ៍សម្រាប់វាស់ពេល (លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ ។ ហេតុនេះ ចាស់បុរាណ លោកកំណត់ពេលវែងខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះ នៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា ៖
* យាម៖ ក្នុង ២៤ ម៉ោង លោកចែកជា ៦ ឬ ៨ យាម ក្នុងមួយយាមៗ មានប្រមាណពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេគិតរាប់យាម១ ចាប់ពីថ្ងៃរះ គិតជាយាម៣ ឬយាម ៤ នៅពេលថ្ងៃលិច ។ ក្នុង ១ យប់ គិតជា ៤ យាម គឺពីព្រលប់គិតជាយាម ៤... ដល់ភ្លឺ គិតជាយាម ៨ ។
* ខួប៖ ការគិតអាយុក្មេង គេរាប់ពីខែ ដែលវាកើត រហូតមួយជុំ ដល់ថ្ងៃដដែលនេះវិញ គេហៅថាមួយខួបគឺត្រូវជា ១២ ខែ ។ ឧ. បើក្មេងកើតនៅ ថ្ងៃ ២ កើត ខែមាឃ..... លុះដល់វិលមួយជុំខួបមកដល់ថ្ងៃ ២ កើត ខែ មាឃ នេះ គេសន្មតថា ក្មេងនេះ អាយុបាន ១ ខួបហើយ ។ ការរាប់ឆ្នាំកំណើត ខ្មែរយើងមិនគិតតាមពុទ្ធសករាជឬគ្រិស្តសករាជទេ គឺកំណត់តាមឆ្នាំទាំង ១២ គឺ ឆ្នាំជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង ១ ជុំ ខួបមាន ១២ ឆ្នាំ ... ។
* មួយសន្ទុះ៖ គឺជារយៈពេលជាកំណត់មួយ អាចស្មានបានប្រហែលជា ១ ម៉ោង ។ ឧ. ដើរបានមួយសន្ទុះ ក៏ចូលដល់ព្រៃធំមួយ.... ។
* មួយបោក៖ គឺជារយៈពេលជាកំណត់មួយ ប្រមាណជាកន្លះម៉ោង ។ ឧ. ដេកបានមួយបោក ភ្ញាក់ឡើងភ្លឺល្មម ។
* មួយបារី៖ គឺជារយៈពេលប្រមាណ ១៥ នាទី ។ ឧ. ច្រកថ្នាំចំនួនពេល ១ បារី អ្នកជំងឺក៏ដឹងខ្លួនវិញ ។
* មួយសាបស្លា៖ រយៈពេលប្រហែល ២០ នាទី ។ ឧ. ចម្ងាយផ្លូវពីភូមិ ធ្លកទ្រេតទៅ ឈើទាលជ្រំ គេត្រូវដើរ តែ១ សាបស្លា ប៉ុណ្ណោះ នឹងបានទៅដល់ហើយ ។
ចំណាំ៖ ពេល ១ បារី គឺរយៈពេល ដែលគេជក់ថ្នាំអស់ ១ បារី ឯពេល ១ សាបស្លា គឺរយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លាហើយ ។
* មួយស្រឡេត៖ គឺរយៈពេលខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេចមួយស្រឡេតទៅ ក៏យល់សប្តិឃើញដំរីដេញ... ។
* មួយភ្លែត៖ ស្មើនឹងរយៈពេល ៥ នាទី ។ ឧ. កុំតាមម៉ែអី ម៉ែទៅតែមួយភ្លែតនឹងវិលមកវិញហើយ ។
No comments:
Post a Comment