តាំងពីយូរមកហើយ ខ្មែរយើងប្រើលេខ ព្រមជាមួយនឹងការបង្កើតតួអក្សរ សម្រាប់ចារឹក និងកត់ត្រាហេតុការណ៍ផ្សេងៗ ។ លេខមានសារៈសំខាន់ ជាពិសេសក្នុងការកត់ត្រាចំនួនលុយកាក់ គោក្របី ស្រែភ្លឺ ខ្ញុំកំដរ... ។ កត់ត្រា អាយុ (ចំនួនឆ្នាំ) ដែលខ្លួនរស់នៅកត់ត្រាចំនួនប្រាក់ ដែលគេមកខ្ចីបុល... ។
នៅពេលបច្ចុប្បន្ន លេខត្រូវបានប្រើប្រាស់សម្រាប់គណនាលុយកាក់ថវិកាចំណូលចំណាយ ។ ពិសេសស្ថាប័នហិរញ្ញវត្ថុ, ស្ថាប័នសេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវការប្រើប្រាស់តួលេខជាចម្បងបំផុត ។ ព្រោះតែ “លេខ” មានតួនាទីសំខាន់នៅក្នុងសង្គមនេះហើយ ទើបមានពាក្យស្លោកមួយឃ្លាចែងថា៖“សម្តីជាឯក លេខជាទោ អក្សរជាត្រី ” តាំងពីសម័យដើមមកទល់ពេលនេះ ទម្រង់បែបផែនលេខដែលខ្មែរយើងប្រើប្រាស់មាន៖
ក/ លេខទំនើបដែលខ្មែរយើងប្រើសព្វថ្ងៃគឺ ៖ 0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
ខ/ លេខអារ៉ាប់ ៖ 0, 1, 2, 3, 4, 5, 6, 7, 8, 9 ។ ស្ទើរតែនៅលើសកលលោក គេប្រើលេខនេះ ទុកដូចជាលេខអន្តរជាតិទៅហើយ ។
គ/ លេខខ្មែរបុរាណ
លេខប្រភេទនេះ មានតែពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ដែលប្រើក្នុងការទស្សន៍ទាយ ជោគតារាសីឲ្យមនុស្សទូទៅ និងទស្សន៍ទាយមើលសុខទុក្ខ, ព្រឹត្តិការណ៍, ទឹកភ្លៀង ឬកេណ្ឌធារាសាស្រ្តផលាផលប្រចាំឆ្នាំ សម្រាប់ចុះផ្សាយក្នុងមហាសង្រ្កាន្ត ។ គេរាប់លេខនេះថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូមបង្ហាញជូននូវរូបសញ្ញានៃលេខខ្មែរបុរាណដូចជា៖ ៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
ឃ/លេខរ៉ូម៉ាំង (Chiffre romain) ច្រើនសរសេរ ៖
* នៅលើមុខនាឡិកាប៉ោលព្យួរជញ្ជាំង
* សម្រាប់កត់ត្រា ភាគ, ជំពូក, ផ្នែក, នៃអត្ថបទ ឯកសារសៀវភៅផ្សេងៗ ។ខាងក្រោមនេះ គឺរូបសញ្ញាតួនៃលេខរ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។
[17] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខរ៉ូម៉ាំងមានតួច្រើនទៀត ព្រោះមិនអនុវត្តតាមរបាប់ទសភាគ ហើយលេខរ៉ូម៉ាំងពុំមានលេខសូន្យ ។ តួលេខដទៃទៀត គឺ ៖ L (៥០) C (១០០) D (៥០០) M (១០០០) ។
នៅកម្ពុជាយើង គេប្រើទាំងអស់ លេខទាំងប៉ុន្មានដែលបានបង្ហាញជូនខាងលើ ។ លើកលែងតែអស់លោក“ហោរា” ទេ ដែលប្រើលេខខ្មែរបុរាណ ក្នុងការគណនាទស្សន៍ទាយ តាមលេខអត្តៈទស្សន៍ទាយ ជោគជតារាសី ។
No comments:
Post a Comment