សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ....” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“...”) ឬ («...»)[16] ។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘... ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “...” ) ។
[16] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ប្រការនេះជាការពិបាកនិងស្មុគស្មាញបន្តិចដូចលោកបានយកមក ពិភាក្សា ព្រោះខ្ញុំឃើញថា អ្នកប្រាជ្ញខ្មែរទាំងឡាយ មិនប្រើឈ្មោះដូចគ្នាទេ ។ ឧទាហរណ៍ លោក នួន ប៊ុត ហៅ “ ” និង « » ថា វិឡារសញ្ញា ហើយថា ហៅថា អញ្ញប្រកាស ក៏បាន ។ រួចលោកថា « នឹងហៅថា កោណសញ្ញា ដើម្បីឲ្យស្រួលចំណាំកុំឲ្យច្រឡំគ្នាបាន » ។ ភាសាបារាំង គេហៅសញ្ញា « » នេះថា វិឡារសញ្ញាបារាំងសែស និង “ ” ថា វិឡារសញ្ញាអង់គ្លេស អាចប្រើទាំងពីរបាន តែវិឡារសញ្ញាអង់គ្លេសទុកជាសញ្ញារង គឺមានតួនាទីខុសគ្នាបន្តិច ។ ឧ. « អ្នកកាន់បេឡា បាននិយាយមកកាន់ខ្ញុំថា ៖ “សូមមើល ‘ប៉ាស់ស្ព័រ’ របស់លោកបន្តិច ។” ខ្ញុំក៏ហុចលិខិតឆ្លងដែនរបស់ខ្ញុំឲ្យគាត់ » ។ សញ្ញា « » នេះ ពួកអង់គ្លេសនិងអាមេរិកាំងមិនដែលប្រើឡើយ ប្រើតែ “ ” ប៉ុណ្ណោះ ។ សូមអ្នកប្រាជ្ញខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ មេត្តាដាក់ឈ្មោះខុសគ្នាឲ្យខណ្ឌសញ្ញាទាំង ៣ យ៉ាងនេះ ពោលគឺ « », “ ” និង ‘ ’ កុំឲ្យកូនខ្មែរច្រឡំ ។
No comments:
Post a Comment