- ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសាបាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។
- ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ, ជ័រ, ទំព័រ... ។
- គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។
[7] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុងភាសាខ្មែរមាត្រដ្ឋាន (ភាសាខ្មែរស្តង់ដារ) មានតែជាមួយនឹងព្យញ្ជនៈឃោសៈ ដូចលោកបានសរសេរ ។ តែខ្ញុំបាទឃើញថា សព្វថ្ងៃនេះ (តាមពិត គឺតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០) គេច្រើនសរសេរនឹងព្យញ្ជនៈអឃោសៈវិញ ។ ឧ. ប័រ (ខ្លាញ់ទឹកដោះគោ) ទោះជាក្នុងវចនានុក្រមខ្មែរ លោកថា ត្រូវសរសេរ ប៊័រ ; បៀរម៉ាកអានឆ័រ ; សារព័ត៌មានកំបូដស័រ ។ ខ្ញុំបាទគិតថា គួរតែរំឭកកូនខ្មែរឲ្យសរសេរ ប៊័រ អានឈ័រ និងកំបូដស៊័រ វិញ ព្រោះថា ក្នុងគ្រាមភាសាខ្មែរមួយចំនួន ឧទាហរណ៍នៅស្រុករវៀងក្នុងខេត្តព្រះវិហារ ឬនៅខេត្តសុរិន្ទ ខ្ញុំបាទបានឮបងប្អូនខ្មែរ មិនច្រឡំ ័រ និង ៊័រ ឡើយ ។ ឧទាហរណ៍ គេថា « អ័រ-ក » (អារ់ក គឺ អារ-ក) ហើយពាក្យថា អ័រ គេបញ្ចេញសម្លេងខ្លី (អារ់) ខុសពី “អារ” (ឧ. ប្រពន្ធអារ) មានសូរសម្លេងវែង ។ ពាក្យទាំងនេះ ឮ “រ” ប្រកបយ៉ាងច្បាស់ ។ « ធ្វើការ » គេនិយាយថា « ធ្វើការ » (ឮទាំងស្រៈអាវែង និង រ ប្រកប) ខុសពី « មេឆ្កែក័រ (ការ់) កូន » (គឺ មេឆ្កែការកូន) ហើយខុសពី « ម៉ែមានគ័ភ៌ » (ឮថា គ័រ) គឺថា “ការ” “ក័រ” និង “គ័រ” មានសំឡេងខុសគ្នានៅក្នុងខេត្តទាំងនោះ ។
No comments:
Post a Comment