Wednesday, September 1, 2010

យុគលពិន្ទុ(ៈ) ឬ​ហៅថា “ ចុចពីរ ”

គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្រ្កឹត ដែល​មាន​សូរ “ អាក់ ” ឬ “​ អ៊ាក់ ” ដូច​ជា លោភៈ, មោហៈ, ទោសៈ...

ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។
លើក​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋ... ព្រោះ​ថា​ក្នុងពាក្យ​ទាំង​នេះ​ “គណៈ” មិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​បាលី ។
លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ...​ ដែល​គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។
រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ទាំង​ពីរ​ម៉ាត់​តែ​ម្តង​ ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្រ្ចាស ” មក​វិញ “ ទេសកាល ” នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។
● ក្នុង​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ ប្រើ​ក្លាយ​ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ “ទ្វិពិន្ទុ​លេខ” ក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញ... ព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌបែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ទំព័រ​ខាង​មុខ ។

No comments:

Post a Comment